ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលនិងលោកជំទាវ នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងដងទង់ ក្លោងទ្វា និងសមិទ្ធផលនានា នៅវត្តទួលរំលេចរតនារាម ស្ថិតក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងសំពៅពូន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា ពិធីសម្ពោធសមិទ្ធផលនានាក្នុងឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា ដែលបានបង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ន គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយ ឈ្នះ-ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ព្រមទាំងការដឹកនាំបន្តវេនយ៉ាងប៉ិនប្រសប់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់បន្ថែមថា ក្រោមដំបូលនៃសន្តិភាព វត្តអារាមត្រូវបាន កសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត។ ជាក់ស្តែង វិស័យព្រះពុទ្ធសាសនា នៅខេត្តកណ្តាល ក៏មានការរីកចម្រើនគួរអោយកត់សម្គាល់ផងដែរ ។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ អោយបានគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានផ្ដាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ។
នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានចូលរួមអបអរសាទរដែលវត្តទួលរំលេចរតនារាម ទើបតែទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមកសាង ដោយបានឧបត្ថម្ភជាសំភារៈ ថវិកា ក្នុងការកសាងនូវសមិទ្ធផលនានានៅក្នុងវត្តមួយនេះ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។