ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរស្រុក ចុះសួរសុខទុក្ខគ្រួសារក្រីក្រលំបាក ចាស់ជរាមានពិការភាព គ្រួសារស្ត្រីមេម៉ាយមានសមាជិកច្រើន និងគ្រួសារស្ត្រីក្រីក្រមានផ្ទៃពោះ ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន នាំមកនូវការផ្តាំផ្ញើសាកសួរទុក្ខពីសំណាកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្ដីនឹករលឹក។
ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ទើបធ្វើអោយប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកអាចទទួលបានប័ណ្ណសមធម៌ ដែលទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលដូចជា៖ ការឧបត្ថម្ភថវិកាប្រចាំខែ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក នូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាលមួយនេះផងដែរ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណសមធម៌នេះ បានថ្លៃអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់នូវប័ណ្ណសមធម៌ជូនពួកគាត់ ព្រោះថាកន្លងមក ពួកគាត់ទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជារៀងរាល់ខែ ហើយពេលពួកគាត់មានជំងឺ ពួកគាត់បានទៅធ្វើការពិនិត្យ និងព្យាបាលជំងឺដោយមិនត្រូវបានចំណាយថវិកាឡើយ ព្រមទាំងទទួលបានការជួសចិត្តទុកដាក់ មើលថែ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យផងដែរ។
សូមបញ្ជាក់ផងដែរថា៖ គ្រួសារចាស់ជរាមានពិការភាព គ្រួសារស្ត្រីមេម៉ាយ គ្រួសារស្ត្រីមានផ្ទៃពោះ ទាំង៣គ្រួសារ ដោយ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ០១យួរ ត្រីខ ០២យួរ ទឹកបរិសុទ្ធ ០១កេស ភេសជ្ជៈ ០១កេស សម្ភារៈផ្ទះបាយ១ឈុត និងថវិកាមួយចំនួនផងដែរ។