ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំច្បាប់អនុញ្ញាតដង្ហែម៉ុងសាយ និងដង្ហែអ្នកតាជុំវិញ បរិវេណក្រុងតាខ្មៅ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដង្ហែម៉ុងសាយនិងដង្ហែអ្នកតាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នាពេលខាងមុខនេះ។ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល នឹងមានការដង្ហែម៉ុងសាយ និងដង្ហែអ្នកតា ជុំវិញ បរិវេណក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ ហើយអាចនិងមានការចូល រួមយ៉ាងច្រើនកុះករពីមហាជនទូទៅ ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។ដូច្នេះតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយគណៈកម្មាការសមាគមន៍ខ្មែរ- ចិន-វៀតណាម ចូលរួមជួយសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះជាចាំបាច់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋ បាលក្រុងតាខ្មៅត្រូវម្ចាស់ការ និងប្រើប្រាស់មធ្យោបាយអោយអស់លទ្ធភាព និងទទួលខុសត្រូវខ្ពស់លើកិច្ចប្រតិបត្តិការក្នុងពិធីខាងលើនេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាសណ្តាប់សាធារណៈរបៀបរៀបរយ និងជួយសម្រួលចរាចរណ៍តាមដងផ្លូវឲ្យបានល្អប្រសើរ ក្នុងឱកាសដង្ហែម៉ុងសាយ និងដង្ហែអ្នកតា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។