ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមពី បណ្តាទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុកទាំង១៣ផងដែរ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា៖ សិក្ខាសាលាដែលបានរៀបចំនាពេលនេះ គឺមានគោលបំណងដើម្បីចែករំលែកនូវមេរៀនបទ ពិសោធន៍ ការពិគ្រោះយោបល់ប្រមូលធាតុចូល កិច្ចសហការអនុវត្តរវាង ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ព្រមទាំងដាក់ចេញនៅទិសដៅបន្តនិរន្តរភាព លើការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ដោយគិតចាប់តាំង កាលពីឆ្នាំ២០២០ ខេត្តកណ្តាល បានអនុវត្តការងារគណនេយ្យភាពសង្គម មានតែចំនួន០៨ក្រុងស្រុក ប៉ុណ្ណោះ រួមមាន៖ ក្រុងតាខ្មៅ ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល ស្រុកលើកដែក ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឭ និងស្រុកស្អាង ហើយនាពេលបច្ចុប្បន្ននេះ គឺបានអនុវត្តគ្របដណ្តប់១០០% ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានអង្គភាពផ្តល់សេវា សរុបមានចំនួន ៦១៣អង្គភាព ក្នុងនោះ៖ នៅកម្រិតឃុំសង្កាត់មាន ១២៧ឃុំសង្កាត់ មណ្ឌលសុខភាព១០៨ សាលាបឋមសិក្សា៣៦៥ និងកម្រិតថ្នាក់ក្រុងស្រុកទាំង១៣។
ឯកឧត្តម បានបន្តទៀតថា៖ ពាក្យឬនិយមន័យ ស្តីពី គណនេយ្យភាពសង្គម” គឺ សំដៅដល់ដំណើរការនៃការផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ឱ្យបានសម្តែងនូវមតិយោបល់ និងការចូលរួម តាមដានការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ រឺអាចនិយាយបានម្យ៉ាងទៀតថា ការអនុវត្តគណនេយ្យភាពសង្គម គឺបានផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមនៃការអនុវត្តថវិកា និងការផ្តល់សេវា សាធារណៈនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព តាមរយៈការលើកកម្ពស់ភាពងាយទទួលបានព័ត៌មាននានា និងការចូលរួមតាមដានត្រួតពិនិត្យ ការបំពេញតួនាទី ភារកិច្ច ការងាររបស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ សង្កាត់ និងនៅថ្នាក់ក្រុង ស្រុក។
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ រាជរដ្ឋបាលភិបាលកម្ពុជា បានចាត់ទុកការធ្វើកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបានជាប្រទេស ដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានចូលរួមជាបណ្តើរៗរួចហើយ ដូចជាថ្មីៗនេះ ការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានធ្វើនៅថ្នាក់ខេត្ត នាពេលកន្លងទៅនេះ គឺសុទ្ធតែបានចូលរួមចំណែក ដើម្បីសម្រេចឱ្យបានចក្ខុវិស័យនាឆ្នាំ២០៥០។