ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តព្រះឥន្ទ្រសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល សម័យប្រឡង៖ ៨ តុលា ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល។
មានប្រសាសន៍ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល សម័យប្រឡង៖ ៨ តុលា ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា បានលើកឡើងថា៖ សន្តិភាពបានធ្វើឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះដែរវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យសិស្សនិស្សិតរបស់យើង មានសមត្ថភាពក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ទន្ទឹមនឹងនោះសិស្សនិស្សិតរបស់យើង តែងតែទទួលបាននូវមេដាយជាច្រើនជូនជាតិមាតុភូមិរបស់យើងផងដែរ ដូច្នេះយើងទាំងអស់គ្នាដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិនាថ្ងៃខាងមុខ ត្រូវតែរួមគ្នាការពារឱ្យបាននូវសុខសន្តិភាព ស្ថេរភាព ឱ្យបានគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត។
សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសន្យាថា៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានចំនួន៦ មហាវិទ្យាល័យ មានដេប៉ាតឺម៉ងចំនួន ១៨ និង ៣២ មុខជំនាញ សម្រាប់បវេសនកាលឆ្នាំថ្មី ជំនាន់ទី៣ មានសមណនិស្សិត និស្សិត ចូលរៀន ចំនួន ៦៨៥ នាក់។
លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា៖ ស្រុកអង្គស្នួល មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន១,១៥៦នាក់ ប្រឡងជាប់ ចំនួន១,០៥៨នាក់ ស្មើនិង៩១,៥២% ទទួលបាននិទ្ទេស A ចំនួន ២០នាក់ នឹងត្រូវទទួលបានម៉ូតូម្នាក់១គ្រឿងនៅពេលនេះ។