ខេត្តកណ្តាល៖ នៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២៤នេះ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ និងស្រប ទៅតាមសមត្ថភាព និងធនធានជាក់ស្តែង ចំពោះគម្រោងអាទិភាពនានាដែលគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ និងក្រុមការងារកសាងផែនការស្រុក រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាជននៅតាមមូលដ្ឋាននីមួយៗ។
ឯកឧត្ដម តាំង ម៉េងលាន បានបន្តទៀតថា៖ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការពិតជាបានជួបនូវឧបសគ្គនិងការលំបាកជា ច្រើនគិតតាំងពីថវិកា ធនធានមនុស្សនិងការទំនាក់ទំនងពត័មានជាដើម ។ការអភិវឌ្ឍន៍ឃុំ ស្រុក វាជាភារកិច្ច យ៉ាងសំខាន់ហើយជួបការលំបាកច្រើនដែលត្រូវទាមទារពេលវេលានិងចាំបាច់បំផុតត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។ តាមរយៈលទ្ធផលខាងលើនេះសបញ្ជាក់ថាយើងទាំងអស់គ្នាបានអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការដើម្បីគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងអាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ។
នាឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានកើនរំលឹកថា កិច្ចការដែលឃុំត្រូវបំពេញមានច្រើន ហើយស្មុគ្រស្មាញនោះគឺ ការធ្វើឱ្យប្រសើរ ឡើងជាបណ្តើរៗអំពីស្ថេរភាពជីវភាពរស់នៅ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជនក្នុងមូលដ្ឋានពិសេស តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ព្រមទាំងណែនាំដល់អាជ្ញាធរក្រុង សង្កាត់ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់ដែលជា តម្រូវការនិងសំណូមពររបស់ប្រជាជន ទន្ទឹមនេះត្រូវយកចិត្ដទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគររកធនធានសម្រាប់អនុវត្តបន្ថែមទៀត។
លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ដើម្បីជាការឆ្លុះបញ្ចាំងនៃការលើកទឹកចិត្តដ៏ប្រសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ និងជាសញ្ញាវិជ្ជមានមួយ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់អង្គភាព ស្ថាប័ន ដើម្បីធានាថាកម្មវិធីវិនិយោគបី ឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៥-២០២៧ មានលក្ខណៈសមស្របអាចទទួលយកបាន ឆ្លើយតបនឹងតម្រូវ ការរបស់មូលដ្ឋាន ពិសេសប្រជាពលរដ្ឋ និងទទួលបាននូវការគាំទ្រ។
លោកអភិបាលស្រុកបន្ថែមទៀតថា៖ គម្រោងប្រើប្រាស់ថវិកាមូលនិធិស្រុក ឆ្នាំ២០២៤ បានកសាងផ្លូវបេតុងអាមេ ប្រវែង ៤៦២ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅឃុំព្រះប្រសប់ និងលូរំដោះទឹក ៥ខ្សែ ប្រវែង ១,៩៨៣ម៉ែត្រ មុខកាត់ ១ម៉ែត្រ ស្ថិតនៅឃុំព្រះប្រសប់ និងលូរំដោះទឹក ៥ខ្សែ ប្រវែង ១,៩៨៣ម៉ែត្រ មុខកាត់ ១ម៉ែត្រ នៅឃុំព្រះប្រសប់៣ខ្សែ និងឃុំសន្លុង ២ខ្សែ សម្រេច១០០%។ ក្នុងឆ្នាំ២០២៤ ចំនួនគម្រោងឃុំបានស្នើឡើងតាមបណ្តាលើវិស័យ មានសរុប ៣៣៨គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ច មានចំនួន ៥៤គម្រោង,ផ្នែកសង្គមកិច្ច មានចំនួន ១៥៥គម្រោង, ផ្នែកធនធានបរិស្ថាន ការបន្សំ និងការប្រែប្រួលអាកាសធាតុ មានចំនួន៤៨គម្រោង,ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានចំ នួន ៨១គម្រោង។ គម្រោងប្រើប្រាស់ថវិកាមូលនិធិ ស្រុក ឆ្នាំ២០២៥ គ្រោងនឹងមានដូចជា ជួសជុលដំបូលអគារសាលប្រជុំ,ជួសជុលពិដានអគារសាលប្រជុំ, ជួសជុលដំបូលអគាររដ្ឋបាល របស់សាលាស្រុក, ជួសជុលលូរំដោះទឹក ៥ខ្សែ ប្រវែង ៦.៥៩០ម៉ែត្រ ក្នុងនោះ ឃុំរកាជន្លឹង ២ខ្សែ ប្រវែង ១,៤២៣ម៉ែត្រ មុខកាត់០.៦ម៉ែត្រ ឃុំជ័យធំ ១,០០០ម៉ែត្រ មុខកាត់ ០.៦ម៉ែត្រ, ឃុំព្រែកតាមាក់ ប្រវែង ៤៦០ម៉ែត្រ មុខកាត់ ០.៦ម៉ែត្រ ឃុំព្រះប្រសប់ ប្រវែង ១៦០ម៉ែត្រ មុខកាត់ ០.៦ម៉ែត្រ។