គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៤


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ុំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ និងជាអ្នកផ្តល់ នូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងស្នាដៃជាច្រើនទៀត បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។


ឯកឧត្តមបានបញ្ជាក់ដូច្នេះ នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” ដែលបានរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ៣០០នាក់។

ក្នុងពិធីនេះនេះ ឯកឧត្តម គួច ចំរើន បាននាំយកមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ របស់លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ំ មា មីង និងជនរួមជាតិទាំងអស់ តាមរយៈសារលិខិតរបស់ សម្តេច ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីគោលនយោបាយសម្រាប់មនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាស និងបញ្ហាប្រឈម របស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង។

លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានមានប្រសាសន៏ថា ខេត្តកណ្តាលមានប្រជាជនសរុបចំនួន ១,៣៨៤,៤០០នាក់ មនុស្សចាស់មានចំនួន ប្រមាណ ១៥៣,៤០០នាក់ ក្នុងនោះមនុស្សចាស់ជាអតីតមន្ត្រីរាជការ ស៊ីវិល ចូលនិវត្តន៍ និងជនបាត់បង់ សម្បទាវិជ្ជាជីវៈចំនួន ៤,៦៨៥នាក់ និងអតីតយុទ្ធជន ជានិវត្តជន និងបាត់បង់សមត្ថភាពការងារ ចំនួន២,៣២៨នាក់។

លោកប្រធានមន្ទីរ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់មនុស្សចាស់ ជាក់ស្តែងនៅខេត្តកណ្តាល បានដោះស្រាយរបបគោលនយោបាយនានា ជូនដល់មនុស្សចាស់ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ៧,០១៣នាក់ ចំណាយថវិកាក្នុង១ខែ ៦,៥៨៦,៤៨៥,៥០០ រៀល (ប្រាំមួយបិលលាន ប្រាំរយប៉ែតសិបប្រាំមួយលាន បួនរយប៉ែតសិបប្រាំពាន់ ប្រាំរយរៀល) ក្នុងនោះរួមមាន៖  មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន៤,៦៨៥នាក់ សរុបថវិកាចំនួន ៣,៩៥១,១១៨,៨០០រៀល (បីបិលលាន ប្រាំបួនរយហាសិបមួយលាន មួយរយដប់ប្រាំបីពាន់ ប្រាំបីរយរៀល)។





Previous Post Next Post
Breaking News