ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសមជាមួយគណៈប្រតិភូខេត្តអានហ៊ួយ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី វ៉ាង ឈួយហ្វឹង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តអានហួ៊យ និងជាប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តអានហួ៊យ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជាច្រើនរូបផងដែរ។
ក្នុងជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានជម្រាបជូនថា៖ខេត្តកណ្តាល មានសក្តានុពលលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វាយនភ័ណ្ឌ ដោយក្នុងនោះ ខេត្តកណ្តាល ជាខេត្តទី៣ ក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានការអភិវឌ្ឍ លើវិស័យរោងចក្រ សហគ្រាស ការបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋ ខេត្តកណ្តាលមានរោងចក្រ សហគ្រាសសរុបចំនួន ៤៨៣ទីតាំង ជាមួយគ្នានេះក៏នៅមានគម្រោងសាងសង់ផ្លូវ និងស្ពានសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសិក្សា និងអនុម័តក្នុងការអនុវត្តគម្រោងរួច ក្នុងនោះមាន គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅក្រុងអរិយក្សត្រ, ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប និងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត ឆ្លងចូលទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលផ្លូវសំខាន់ទាំងនេះត្រូវសាងសង់ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាលទាំងអស់។
ឯកឧត្តមអភិបាលរងខេត្តបានបន្តថា៖ ខេត្តកណ្ដាលនឹងមានព្រលានយន្តហោះ ខ្នាត F4 លើផ្ទៃដី ២៦០០ហិកតា ដែលគ្រោងនឹងដំណើរការផ្លូវការ នាឆ្នាំ២០២៥ ដែលអាចទទួលអ្នកដំណើរបានជាង ១៥ លាននាក់ និងអាច ឈានទទួលអ្នកដំណើររហូតដល់ ៤៥ លាននាក់ ក្នុងឆ្នាំ២០៥០ ជាពិសេសនៅពេលដែលអាកាសយានដ្ឋាននេះ សាងសង់រួចរាល់ ក៏នឹងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរណបជាច្រើនទៀត ដូចជា គម្រោងផ្លូវរថភ្លើងក្រោមដី (Metro Train) ឬគម្រោងរថភ្លើងលើអាកាស (Sky Train). ប្រព័ន្ធដឹកជញ្ជូនរថយន្តសាធារណៈ (Public Bus) ជាដើម។ ស្ពានតភ្ជាប់ពីភ្នំពេញ ទៅក្រុងអរិក្សត្រ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ហើយគម្រោងទីក្រុង រណប នៅក្រុងអរិយក្សត្រ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងតាខ្មៅផងដែរ ។