ខេត្តកណ្តាល៖វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន០២ភូមិ គឺភូមិកំពង់ប្រាសាទ និងភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។
មានប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប័ណ្ណកម្មសិទ្ធ(ប្លង់រឹង) នាឱកាសនេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព។ ឯកឧត្ដមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ ក្បាលដីដែលបងប្អូន បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធ ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការ កែលម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីដែលនឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។
ឯកឧត្ដម តាំង ម៉េងលាន បញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការផ្ទេរទៅឲ្យកូនចៅជាដើម។ អាស្រ័យហេតុនេះសូមបងប្អូនរក្សាប័ណ្ណនេះឲ្យបានល្អប្រសើរ។ ក្នុងឱកាសនេះឯកឧត្តម ក៏បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ដថែរក្សាសុខភាពអោយបានល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា។
បើតាមរបាយការណ៍របស់ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអោយដឹងថា៖បច្ចុប្បន្ននេះការចុះបញ្ជីបាន ៥៨ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង៥២១ភូមិលើ ១០១០ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨, ៩២៥ ក្បាលដី។ហើយថ្ងៃនេះគឺជាលើកទី២២៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិកំពង់ប្រាសាទ ចំនួន ៦០៥ប័ណ្ណ ឃុំស្វាយអំពារ និងភូមិព្រែកតាសោម ចំនួន ៤០៥ប័ណ្ណ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល សរុប ចំនួន ១,០១០ប័ណ្ណ៕