គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល


ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ 


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ទាក់ទងនឹងបញ្ហាមួយចំនួន ដែលបានលើកមកពិភាក្សាក្នុងអង្គប្រជុំ ដើម្បីឱ្យមន្ទីរអង្គភាពជុំវិញខេត្តរួមគិត រួមធ្វើ និងរកដំណោះស្រាយ រួមមាន៖បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើង បទល្មើសល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន បទល្មើសនេសាទខុសច្បាប់ បញ្ហាទឹកជន់លិចនៅក្រុងតាខ្មៅរយៈពេលកន្លងមកនេះ និងការងារចុះបញ្ជីដីធ្លី ចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមទៅដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ត្រូវបន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ និងការទប់ស្កាត់ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន​អោយមានប្រសិទ្ធភាព។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទដែលបានខិតខំយកចិត្ត ទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ក្នុងភូមិសាស្ត្រខេត្ត និងបង្ក្រាបបានបទល្មើសគ្រប់រូបភាពដែលជាការរួមចំណែកឲ្យខេត្តកណ្តាលមានភាពរីកចំរើន។ 


ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តក៏បានសាទរនឹងគាំទ្រយ៉ាងពេញទំហឹងនៅប្រសាសន៍ របស់ឯកឧត្តម អភិបាលខេត្ត ដោយបានគូសបញ្ជាក់បន្ថែមទៀតថា បញ្ហាទាំងអស់នេះគឺជាបញ្ហាចំបង នឹងជាបញ្ហារួម ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធគប្បីចូលរួមធ្វើការដោះស្រាយ។ 


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ និងជំរុញ លើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។ 


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានធ្វើការសុំជាមតិយោបល់ពីមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធផងដែរព្រមទាំងបានត្រួតពិនិត្យនិងអនុម័តលើរបាយការណ៍ដែលមន្ទីរអង្គភាពជុំវិញខេត្តបានដាក់ជូន។ 


ក្នុងឱកាសនោះឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលរួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់គ្រប់មន្ទីរអង្គភាពដែលបានចូលរួមកិច្ចប្រជុំ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យមន្ទីរអង្គភាពទាំងអស់អនុវត្តកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ 


សូមជម្រាបដែរថា៖ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សា ខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និង ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា សរុប មានចំនួន ១០របៀបវារៈ សំខាន់ៗ៕




Previous Post Next Post
Breaking News