ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨៩៦ប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។
ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមានទេពកោសល្យ និងបន្តនាំមកឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថេរភាព និងសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យតាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ។
ឯកឧត្តមបានបន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ។ ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត ។ ឯកឧត្ដម អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរ ជាមួយ បងប្អូនប្រជាពលរដ្ឋនៅ ភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាពគណនេយ្យភាព និង យុត្តិធម៌ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួនត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបាន ល្អប្រសើរ ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២១៨លើក ស្មើនឹង២៩៥,៧៤០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២១៩ នៃការចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ចំនួន ៨៩៦ប័ណ្ណ ផងដែរ។