រាជធានីភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រារព្ធឡើងនាទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាវេលារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ អស់រយៈពេល៣ឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងវិញរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។
ខាងក្រោមនេះជាទិដ្ឋភាពរួមទូទៅរបស់ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស អញ្ជើញទស្សនាកម្សាន្ត ការប្រណាំងទូកង និងស្តង់ពិព័រណ៌ផ្សេងៗជាច្រើន។
សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប។
រាជធានីភ្នំពេញ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រសៀលថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ២០២៣៕