ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ត្រូវបន្តហ្វឺកហាត់ឲ្យបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នងឱកាសថ្នាក់ដឹកនាំមន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក «ង» មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ចំណុះទូក «ង» ឈ្មោះមហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀកនេះ មានចំណុះកីឡារទូក ចំនួន ៧៦នាក់ សរុបរួមទាំងកីឡាករបម្រុង និងថ្នាក់ដឹកនាំគណៈកម្មការទូក ចំនួន ១០០នាក់ ដែលបានមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាឱកាសនោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឺកហាត់ឲ្យបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕