ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាលនោះមានរោងចក្រ-សហគ្រាសចូលរួមចំនួន ២៩ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ ។