ក្រុងតាខ្មៅ÷នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកស្រី តុប ស៊ីថា ប្រធានរតនាគារខេត្ត ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយលោក យាវ ឡេង ចៅសង្កាត់កំពង់សំណាញ់ មានការដឹកនាំផ្ទាល់ដោយ ឯកឧត្តម ង៉ោ សុវណ្ណ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណ:កម្មាធិការជាតិគ្របគ្រងគ្រោះមហន្តរាយនៅកម្ពុជា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅទំនប់៩៤ ភូមិអាចម៍កុក និងបានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
៙ក្នុងឱកាសចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះផងដែរ ឯកឧត្តមប្រធាន និងក្រុមការងារ បាននាំយកនូវ គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចផ្ទះ មានចំនួន ៥៧គ្រួសារ ដែលក្នុងនោះ មួយគ្រួសារទទួលបាន អង្ករចំនួន ១០គីឡូក្រោម កានដាក់ទឹកប្រើប្រាស់ ៣០លីត្រ ចំនួន ១កាន ឆៃប៉ូវផ្អែមចំនួន ១គីឡូក្រាម ត្រីខ ចំនួន ៤កំប៉ុង សាប៊ូប្រូធិក ចំនួន ២ដុំ ដើម្បីសម្រួលដល់ការលំបាកបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់ផ្ទះ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងបោះតង់ស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។