សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សចំនួន ១៣នាក់.!
រាជធានីភ្នំពេញ÷សមត្ថកិច្ចបានឃាត់ខ្លួនថៅកែក្រុមហ៊ុនដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ។
ការនាំខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងការឃាត់ខ្លួននេះ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ប្រាប់មក អង្គភាពសារព័ត៌មានយើងខ្ញុំថា "មុននេះបន្តិចកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺយើងបាននាំខ្លួនថៅកែក្រុមហ៊ុនដីឡូត៌ពិភពដីមាស ហើយបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ និងបាននាំខ្លួនមនុស្សចំនួន ១៤នាក់ ដែលពាក់ព័ន្ធគឺម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ ដែលបានរារាំង និងបង្កហិង្សាមកលើសមត្ថកិច្ចបាននាំយកមកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែម"។