ភ្នំពេញ÷នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕