ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ អគាររដ្ឋបាលស្រុកស្អាង ដែលមាន ទំហំ ២៨ម៉ែត្រ X ១៣ ម៉ែត្រ កម្ពស់២ជាន់ នៅសាលាស្រុកស្អាង ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលស្រុក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបើកការដ្ឋានសាងសង់អគាររដ្ឋបាលនេះ ។
ឆ្លៀតក្នុងឧ៌កាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកស្អាង នូវចំណុចសំខាន់ៗមួយចំនួនដូចខាក្រោម ៖
១ . ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និង អនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់»។
២ . បន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបរិយាកាសល្អសម្រាប់ការបោះឆ្នោត លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមលក្ខណៈសម្បត្តិទាំង៧ចំណុច និងបន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅ ទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ។
៣ . រដ្ឋបាលស្រុកត្រូវបន្តពង្រឹង និងកែលម្អ ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ជូនប្រជាពលរដ្ឋ។
៤ . ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។
៥ . សូមធ្វើការប្តេជ្ញាអោយខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕