ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង១០៣៥ម៉ែត្រ ក្នុងនោះ ៖ នៅភូមិស្វាយពងអង្រ្កង ប្រវែង៨០០ម៉ែត្រ និង នៅភូមិកណ្ដាលកោះ ប្រវែង២៣៥ម៉ែត្រ ស្ថិតនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុងតាខ្មៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនានានៅទីនេះ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជូនប្រជាជនទូទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងបានណែនាំដល់រដ្ឋបាលក្រុងតាខ្មៅ នូវចំណុចសំខាន់ៗមួយចំនួនដូចខាក្រោម ៖
១ . ត្រូវយកចិត្តទុកដាក់លើការពង្រឹងច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ ជាពិសេសការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍។
២ . ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា។
៣ . បន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបរិយាកាសល្អសម្រាប់ការបោះឆ្នោត លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមលក្ខណៈសម្បត្តិទាំង៧ចំណុច និងបន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ។
៤ . សូមធ្វើការប្តេជ្ញាអោយខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕