ស្រុកពញាឭ៖ ក្នុង ព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ ក្នុងឱកាស ថ្ងៃបញ្ចប់ នៃបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម គង់សោភណ្ឌ័អភិបាលខេត្តកណ្តាល និងលោកជំទាវ បានចូលរួម ក្នុងពិធីបង្សុកូល រាប់បាត្រព្រះសង្ឃចំនួន១៦៨អង្គ និងរៀបចំពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ នៅវត្តពុទ្ធមណ្ឌល វិបស្សាធុរៈ នាព្រឹកថ្ងៃទី ១៦ខែមេសា នេះ ។
ក្នុងពិធីបុណ្យ ដ៏អធិកអធមនេះ ដោយ មានការយាងនិមន្ត ពីសំណាក់ សម្តេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងសម្តេច ព្រះឧត្តមមុនី្ន ជាសំអាង ព្រះមេគណ គណៈមហានិកាយ ខេត្តកណ្ដាល ព្រមទាំង ចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង មន្ត្រី អ្នកមុខអ្នកការ ជាច្រើនទៀត ។
គួរបញ្ជាក់ថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ គេសង្កេតឃើញ ពុទ្ឋបរិស័ទជិតឆ្ងាយ បានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសដល់ វិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា និងញ្ញាតិកា ៧សន្តាន ដែលបានចែកឋាន ទៅកាន់លោក ខាងមុខ សូមទទួលអានិសង្ឃ និងមគ្គផល កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកក្រោយ អោយពរអោយជ័យ ដល់កូនចៅ នៅឯក្រោយ ទទួលបានសេចក្តីសុខគ្រប់ប្រការ បានចំរុងចំរើនតរៀងទៅ។
ពិធីស្រង់ព្រះ បើតាមប្រវត្តិ គឺមានតាំងពីជំនាន់មុន ព្រះសម្មាសមពុទ្ធមកម៉្លេះ គឺពុទ្ធបរិស័ទ ប្រារព្ធពិធីនេះ ក្នុងថ្ងៃវារៈឡើងស័ក គឺជាថ្ងៃចុងក្រោយ នៃថ្ងៃចូលឆ្នាំថ្មី ក្នុងគោលបំណង សម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ។
ពិធីស្រង់ព្រះ មិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមា តែមួយមុខប៉ុណ្ណោះទេ គឺប្រជាពលរដ្ឋ គ្រប់រូបអាចស្រោចទឹកថ្វាយចំពោះព្រះសង្ឃ ឪពុកម្ដាយ ឬចាស់ទុំ ដើម្បីបង្ហាញពីការដឹងគុណផងដែរ។ ទាក់ទងនឹងអានិសង្សនេះវិញ អ្នកដែលបានស្រង់ទឹកឱ្យព្រះពុទ្ធបដិមា ព្រះសង្ឃ ឪពុកម្ដាយ គ្រូឧបជ្ឈា អាចទទួលបានបុណ្យកុសលជាច្រើន ដូចជាមានរូបសម្បត្តិល្អ មានទ្រព្យធនធានធូធារ មានសេចក្តីសុខគ្រប់ប្រការ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិ។
ដោយឡែកចំពោះ ពិធីពូនខ្សាច់ តាមជំនឿសាសនា គឺមិនគ្រាន់តែ រៀបចំដើម្បីឧទ្ទិសដល់ព្រះចូឡាមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលប្រតិស្ឋាន នៅឯឋានតាវត្តិង្ស និងបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់ បានសាងពីមុនមក ប៉ុណ្ណោះទេ ប៉ុន្ដែវាបានបញ្ជាក់ការ ពីសាមគ្គីភាពគ្នា ក្នុងការ ប្រមែប្រមូលខ្សាច់របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីយកខ្សាច់ មកកសាង សំណង់សាសនា នានាផងដែរ៕
Tags:
ព័ត៌មានជាតិ