(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា «អ្នកសារព័ត៌មានទាំងអស់ គឺជាផ្នែកដ៏សំខាន់ ក្នុងការ ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាផ្ទុះឡើង ដើម្បីបង្ហាញពីមោទកភាពរបស់កម្ពុជាទាំងមូល ហើយ ជំរុញឱ្យមានស្មារតីរួមគ្នា ក្នុងសហគមន៍ប្រជាជាតិអាស៊ានតែមួយឱ្យបានល្អបំផុត»។
នេះជាការប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយ ការបើកឱ្យដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Center) នៃពហុកីឡដ្ឋាន ជាតិមរតក តេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់បម្រើដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡា ទោះបីជាល្អ យ៉ាងណាក្តី ប្រសិនបើមិនមានការចូលរួមផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានទេ នោះនឹងបាត់បង់ ៥០% ហើយ។ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ កីឡានេះផ្ទុះឡើង។
ឯកឧត្តមអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាទទួលបានជោគជ័យ។ «កម្ពុជាធ្លាប់ធ្វើម្ចាស់ ផ្ទះព្រឹត្តិការណ៍ ធំៗជាច្រើនមកហើយ ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺត្រូវបានរៀបចំជាលើកដំបូង ដោយមាន កម្មវិធីប្រកួតច្រើនកន្លែង ក្នុងពេលតែមួយ ដោយមានរហូតដល់៥រាជធានីខេត្ត។ វាអាចមានការលំបាក ក្នុងការពង្រាយកម្លាំងមនុស្ស និងសម្ភារជាដើម ប៉ុន្តែពេលនេះ យើងទទួលបាន កិច្ចសហការ ពីស្ថានីយទូរទស្សន៍មួយចំនួនទៀត ដែលយើងបានបែងចែកការងារគ្នាធ្វើ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងអាចគ្រប់គ្រងការងារ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងទៀតថា «បើទោះបីជា ការទទួលរៀប ចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំក្តី ប៉ុន្តែការ រៀបចំនេះប្រៀបបានដូចជាផ្លែឈើទុំផ្អែម ដោយមានកម្លាំងមនុស្សគ្រប់គ្រាន់ យើងមាន ប្រភេទកីឡា ច្រើន មានទីកន្លែងហ្វឹកហាត់ច្រើន។ និយាយាជារួម គឺយើងបានរៀបចំគ្រប់គ្រាន់រួចរាល់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញ បានលើកឡើងម្តងទៀត ដោយស្នើសុំឱ្យ ខ្មែរយើងធ្វើម្ចាស់ផ្ទះប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយបើជួបបញ្ហាត្រូវចេះអត់ធ្មត់ ដោយសំខាន់ ផ្តោតលើកីឡា»។ «ការរៀបចំធ្វើម្ចាស់ម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡានេះគឺ៖ ទី១. បានបង្ហាញពី សមត្ថភាព របស់រាជរដ្ឋាភិបាល និងទី២. បានបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាយើងទាំងមូល ដែល កំពុងខិតខំលើកិច្ចការទាំងអស់នេះ រួមទាំងការងារផ្សព្វផ្សាយពីយុទ្ធនាការសំខាន់ៗ ដូចជាសម្អាតទីក្រុង ការលេងកីឡា និងលើកទឹកចិត្តដល់កីឡាកររបស់យើង។
ដូច្នេះហើយចំពោះ ផ្នែកផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យទូរទស្សន៍ជាតិកម្ពុជាផ្សព្វផ្សាយគ្រប់ប្រភេទកីឡាទាំងអស់ ទោះបីជា គេមើល ឬមិនសូវមើលក្តី ក៏ថតផ្សព្វផ្សាយ នៅគ្រប់ប្រភេទកីឡាទាំងអស់ ដែលមានខ្មែរចូលរួមប្រកួតប្រជែងផងដែរ»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី៕
Tags:
ព័ត៌មានជាតិ