ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវសាស្ត្រាចារ្យ ឱសថបណ្ឌិត ទេព រង្សុី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បានប្រារព្ធរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា នាភោជនីដ្ឋានទន្លបាសាក់២ ក្បាលថ្នល់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសំដែងនូវការកោតសរសើរចំពោះលទ្ធផលការងាររបស់ចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលជាការបង្ហាញនូវស្មារតី សហការសាមគ្គីជួយគ្នាទៅវិញទៅមក ដែលជាចំណុចសំខាន់ឈានទៅរកភាពជោគជ័យរបស់ក្រសួងព័ត៌មាន ទាំងមូល ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា សម័យ ឌីជីថល ៤.០ គឺមានការវិវឌ្ឍលឿនណាស់ តែសំខាន់គឺចំណេះដឹងទូទៅ ដោយក្នុងនោះ សមាគមនារីក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីផ្តល់នូវការយល់ដឹងទូទៅ មិនត្រឹមតែចេះប្រើប្រាស់កុំព្យូទ័រ ចេះ ផ្នែកប្រពន្ធ័ ឌីជីថល មិនមែនមានន័យថាយើងចេះនោះទេ ព្រោះសង្គមមានភាពស្មុគស្មាញ ជ្រាលជ្រៅ ពិសេសផ្នែកច្បាប់ និងនយោបាយ ។
ឯកឧត្តម បានលើកពីការវិវឌ្ឍនៃការឃើញនូវបច្ចេកវិទ្យាថ្មីក្នុងសម័យ ឌីជីថល ដោយនៅសប្តាហ៍កន្លងមកនេះ គឺគេបានបញ្ចេញនូវ បញ្ញាញាណសិប្បនិម្ម ទើបសម្រេចការប្រឡងបរិញ្ញាបត្រច្បាប់ ជាប់ បានន័យថា នៅពេលគេដាក់សំណួរទៅទាំងប៉ុន្មាន គឺអាចឆ្លើយបានស្ទើរតែទាំងអស់ ហើយត្រូវល្អ ។ ដូច្នេះគេកំពុងពិចារណាក្នុងការដាក់ឱ្យប្រើប្រាស់ ហើយសម្រាប់កម្ពុជាយើងក៏អាចប្រើបានដែរ តែត្រូវបង់ប្រាក់ ដែលអាចឱ្យយើងសួរសំណួរអ្វីក៏បានដែរ ឱ្យធ្វើតែងសេចក្តី ឱ្យសរសេរអត្ថបទក៏បានដែរ។
ឆ្លៀតក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសេរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងបុរស និងស្រ្តី ដែលបានប្រឹងប្រែងរួមគ្នាធ្វើកិច្ចការងារទោះជួបការលំបាក ខ្វះខាតយ៉ាងណាក៍ដោយ តែបានប្រឹងទាំងអស់គ្នា ហើយការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបាននោះទេ ពិសេសនៅក្នុងដំណាក់កាលដែលកំពុងមានភាពសំបូរបែបនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook TV Online ដោយតម្រូវឱ្យមន្ត្រីព័ត៌មាន ធ្វើការរួមគ្នាសំខាន់បំផុត ទោះបីពេលខ្លះយឺតបន្តិចតែគ្រប់គ្រាន់ ។ កិច្ចការងារទាំងនេះស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន បានលើកឡើង ” ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន ” ក្នុង៥នេះអ្វីដែលសំខាន់គឺទុកចិត្តបាន ។
សូមបញ្ជាក់ថា ពិធីនេះធ្វើឡើងដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ (៨ មីនា ១៩១១ – ៨ មីនា ២០២៣) ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ៕
Tags:
ព័ត៌មានជាតិ