កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម នៅថ្ងៃនេះ បានចេញញត្តិគាំទ្រពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសឈ្មោះ កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេសក្នុងការរៀបចំ ផែនការសម្ងាត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
ញត្តិគាំទ្រនេះ ត្រូវបានធ្វើឡើងបន្ទាប់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ឲ្យបង្គាប់ឲ្យដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
សាលក្រមនេះ ក៏បានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។
ញត្តិរបស់ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានលើកឡើងយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដំណើរការលើសំណុំរឿងសន្ទិដ្ឋភាពជាមួយជនបរទេសរបស់ឈ្មោះ កឹម សុខា និងសូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងលើសាលក្រមរបស់តុលាករក្នុងសំណុំរឿងនេះ ដោយផ្អែកលើការពិនិត្យលើអង្គហេតុ បទសន្ទិដ្ឋភាពជាមួយបរទេសឬបទត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
ញត្តិដដែលនេញ បានបញ្ជាក់ថា «យើងខ្ញុំយល់ឃើញថា សវនាការបានដំណើរការប្រកបដោយភាពត្រឹមត្រូវតាមនីតិវិធីច្បាប់កម្ពុជានិងប្រកបដោយតម្លាភាព ភាពហ្មត់ចត់ និងភាពម៉ឺងម៉ាត់ ក្រោមការសង្កេតការណ៍ដោយយកចិត្តទុកដាក់ពីសំណាក់តំណាងអង្គការសង្គមស៊ីវិលនានា អង្គទូត អ្នកកាសែត និងសាធារណជន… ក្នុងន័យនេះ យើងខ្ញុំ សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ ដែលជាការអនុវត្តស្របទៅនឹងគោលការណ៍នៃរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។