ខេត្តកណ្ដាល៖ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តប្រជុំសាគរខ្សុំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ ឡើងជាព្រះគ្រូវិសុទ្ធីសីលសំវរ ជឹម សុធី គណៈមហានិកាយ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ ព្រះសង្ឃជាច្រើនអង្គ បាននឹងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។
ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធិផលជាច្រើនបម្រើឱ្យផលប្រយោជន៍សាធារណៈ ដូចអ្វីដែលយើងបាន និងកំពុងឃើញនាពេលបច្ចុប្បន្ន និងបានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខសប្បាយ មានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឱ្យកិច្ចដំណើរការអភិវឌ្ឍ នៅក្នុងមូលដ្ឋានខេត្តប្រព្រឹត្តិទៅដោយរលូនតាមផែនការគ្រោងទុក ដែលនាំឱ្យខេត្តមានការប្រែមុខមាត់ថ្មី មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងប្រទាក់ក្រឡា, មានព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិ៤F “តេជោក្រុងតាខ្មៅ, មានសួនច្បារ, ភ្លើងបំភ្លឺផ្លូវ,ស្ពាន, អគារមន្ទីរពេទ្យ, សាលារៀន, វត្តអារាម, សំណង់អគារបម្រើប្រយោជន៍ សេវារដ្ឋបាល និងសេវាសង្គម និងសំណង់អាគារធំៗ កំពុងរីកស្គុះស្គាយ រួមជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនទៀត ដែលនឹងលេចរូបរាងលើទឹកដីខេត្តកណ្តាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។