ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធី អបអរសាទរ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ព្រមទាំងបានធ្វើការដង្ហែរពានរង្វាន់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
មានប្រសាសន៍ សំណេះសំណាល ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានសំដែងនូវការអបអរសាទរ ចំពោះខេត្តកណ្ដាល ដែលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបានការបញ្ចប់ បន្ទោបង់ពាសវាលពាសកាល(ODF)នា បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រែវែង នៅឆ្នាំ២០២២នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់ ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏ជាអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង គោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ដែលមានទស្សនៈវិស័យកំណត់ថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់ក្នុងបរិស្ថានដែលមាន អនាម័យប្រកបដោយនិរន្តរភាព”។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា ទូទាំងខេត្តកណ្ដាលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើ ១០០% ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុបចំនួន ១១ក្រុង ស្រុក ១២៧ឃុំ សង្កាត់ ១,០១០ភូមិ ដែលក្នុងនោះ ចំនួន ក្រុង ស្រុក ODF ១១ក្រុង ស្រុក គិតជាភាគរយ ១០០%, ចំនួនឃុំ សង្កាត់ ODF ១២៧ឃុំ សង្កាត់ គិតជាភាគរយ ១០០%, ចំនួន ភូមិ ODF ១,០១០ ភូមិ គិតជាភាគរយ ១០០%។