ខេត្តសៀមរាប៖ នារសៀលថ្ងៃទី៥ ខែកញ្ញានេះ គេឃើញមានក្មេងស្រីមួយរូបទួញសោកយំបោកខ្លួនក្រាញ់ននៀកមិនព្រមចាកចេញពីដីចំការលោក ខឹម វាសនា ទោះបីជាសាច់ញាតិអង្វកនាងយ៉ាងណាក៏ដោយ។ជាមួយគ្នានោះ គិតត្រឹមរសៀលម៉ោង៤នេះនៅមានមនុស្សប្រមាណជិត១ពាន់នាក់ដែលជាសមាជិករបស់បក្សជួងមិនព្រមចាកចេញពីដីចំការរបស់លោក ខឹម វាសនាឡើយ។
ទន្ទឹមនឹងនោះ គិតត្រឹមវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែកញ្ញានេះសមត្ថកិច្ចខេត្តសៀមរាបបានថ្លែងឱ្យដឹងថា មានពលរដ្ឋចំនួន៨៦នាក់ដែលជាសាច់ញាតិរបស់មនុស្សដែលកំពុងស្នាក់នៅក្នុងដីចំការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានសុំអន្តរាគមន៍ឱ្យជួយយកសាច់ញាតិចេញពីចំការរបស់មេបក្សដែលតាំងខ្លួនជាព្រហ្ម។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងចូលទៅក្នុងដីចំការរបស់លោក ខឹម វាសនា បានមានប្រសាសន៍ឱ្យដឹងថា សមត្ថកិច្ចទទួលបានការសុំពីពលរដ្ឋចំនួន៨៦នាក់មកពីបណ្តាខេត្តផ្សេងៗ សុំអន្តរាគមន៍ពីសមត្ថកិច្ចឱ្យជួយយកកូនចៅ ប្រពន្ធកូនសរុបចំនួន១៨៣នាក់ ក្នុងនោះមានអនីតិជនចំនួន៧៥នាក់ ចេញពីដីចំការរបស់លោក ខឹម វាសនា។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឱ្យដឹងថា មានពលរដ្ឋជាច្រើនបានបន្តចាកចេញពីដីចំការរបស់លោក ខឹម វាសនា នាថ្ងៃទី៥ ខែកញ្ញានេះ ខណៈសមត្ថកិច្ចកំពុងបន្តស្រង់ស្ថិតិអ្នកនៅក្នុងចំការបន្ថែមទៀត។
សូមបញ្ជាក់ថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបធ្លាប់បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី៣០ ខែសីហា ថា «សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យារពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបិយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត»។
រដ្ឋបាលខេត្តសៀមរាបបានកំណត់យកថ្ងៃទី៥ ខែកញ្ញានេះ ជាថ្ងៃឱសាទវាទនៃការបញ្ឈប់ការជួបជុំនៅដីចំការរបស់លោកខឹម វាសនា មេបក្សជួង។
គួររម្លឹកថាលោក ខឹម វាសនា បានប្រកាសកៀងគសមាជិកសមាជិកា និងពលរដ្ឋនានាពីតាមបណ្តាខេត្តទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។
Picture
កន្លងមកអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជាង១ម៉ឺន៥ពាន់នាក់។រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការជួបជុំនោះពុំបានសុំកិច្ចសហការ និងពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។
ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរាជាដើម៕