ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក FORTUNER មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-0884 បើកបរប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាក TOYOTA HILUX មួយគ្រឿង ពាក់ស្លាកលេខសៀមរាប 2A-6218 បណ្តាលឲ្យភាគីម្ខាងក្រឡាប់ផ្ងារជើងរងការខូចខាត ក្នុងហេតុការណ៍នេះមានមនុស្សរងរបួសស្រាលផងដែរ ទីតាំងស្ថិតតាមបណ្តោយវិថីប៉ាស្ទ័រ(៥១) ទល់មុខមន្ទីរពេទ្យព្រះអង្គឌួង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FORTUNER មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-0884 បើកបរមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន បានប៉ះទង្គិចជាមួយរថយន្តម៉ាក TOYOTA HILUX បណ្តាលឲ្យភាគីម្ខាងក្រឡាប់ផ្ងារជើង រងការខូចខាត ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដើម្បីឲ្យភាគីទាំងពីរធ្វើការចរចា ។ បន្ទាប់មកភាគីទាំងពីរបានចរចាត្រូវរ៉ូវគ្នា គ្មានអ្នកណាសងសំណងទៅខាងណានោះទេ ។ ដោយភាគីទាំងពីរយករថយន្តទៅជួសជុល រៀងៗខ្លួន ៕