ព័ត៌មានអន្តរជាតិ÷អង្គការ ណាតូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ រួមទាំងកងម៉ារីន នាវាផ្ទុកយន្តហោះ នាវាពិឃាត និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ទៅកាន់ប្រទេសន័រវេស ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។
កងទ័ពមកពី២៨ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង កំពុងចូលរួមក្នុងសមយុទ្ធរយៈពេលប្រហែលមួយខែ ដែលចាប់ផ្តើមនៅភាគខាងជើងប្រទេសន័រវេស កាលពីថ្ងៃចន្ទទី១៤ខែមីនា។
ក្នុងនាមជាសមាជិកណាតូ ប្រទេសន័រវេសមានព្រំដែនគោកជិត ២០០គីឡូម៉ែត្រ ជាមួយរុស្ស៊ី។
សមយុទ្ធនេះមានឈ្មោះថា Cold Response ត្រូវបានធ្វើឡើងក្នុងចម្ងាយត្រឹមតែពីរបីរយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី ចំពេលកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន បន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។
កងទ័ពប្រហែល ៣៥ ០០០នាក់, យន្តហោះ២០០គ្រឿង និងនាវាចំនួន៥០គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធ Cold Response រួមទាំងទាហានម៉ារីនប្រហែល ៩០០ នាក់ដែលនឹងដឹកនាំការចូលរួមរបស់ចក្រភពអង់គ្លេសផងដែរ។
ពួកគេនឹងវាយឆ្មក់តាមបណ្ដោយឆ្នេរសមុទ្រន័រវេស ពីក្រុមវាយប្រហារដែលដឹកនាំដោយនាវាចម្បាំង HMS Albion។
ចំណែក នាវាផ្ទុកយន្តហោះ HMS Prince of Wales ក៏នឹងចូលរួមផងដែរ អមដោយនាវាចម្បាំង HMS Richmond, នាវាពិឃាតប្រភេទ៤៥ឈ្មោះ HMS Defender, នាវាដឹកប្រេង Royal Fleet Auxiliary និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងបង្ហាញពីការរួបរួមកងកម្លាំងពហុភាគី ដើម្បីការពារប្រទេសន័រវេស និងតំបន់អឺរ៉ុបខាងជើង ប្រឆាំងសត្រូវសម័យទំនើប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail