សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ ក្នុង ឫស្សីកែវ
នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២
នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ។
តាមការអោយដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអោយដឹងថា ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយ:ការសាងសង់ស្ពានអាកាសត្រង់ចំនុចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការកកស្ទះចរាចរណ៍ ខណៈដែលតំបន់នេះ កំពុងមានគម្រោងអភិវឌ្ឍន៍ជាច្រើន។ សម្តេចតេជោបានសម្តែងការអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍នៅតំបន់នៅតំបន់ជ្រោយចង្វារនេះ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា នយោបាយអភិវឌ្ឍន៍ប្រទេសជាតិយើង គឺនៅតែផ្តោតលើអាទិភាពទាំង៤ គឺ ទឹក , ផ្លូវ ,ភ្លើង និងធនធានមនុស្ស ដែលក្រោយមកយើងបានប្តូរទិសយកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអាទិភាពទាំង៤នេះ យើងបានដាក់ចេញតាំងពីក្រោយថ្ងៃរំដោះប្រទេសជាតិមកម្លេះ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា សម្តេចពិតជាមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដោយក្តីមោទភាពចំពោះកំណើននៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះជាពិសេស ពេលដែលកូវីដ-១៩មានកាធូរស្រាលនោះ និងក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជាយើងបានចាក់វ៉ាក់សាំងកូវីដ-១៩បានច្រើននោះ។ សម្តេចតេជោបានមានប្រសាន៍ថា មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្តគ្រប់ទិសទីបាន ដែល កត្តាទាំង៤នោះរួមមាន៖ ទី១ កត្តា សន្តិភាព បើគ្មានសន្តិភាពទេប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តគ្រប់ទីកកន្លែងនោះទេ , ទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា មានផ្លូវ មានស្ពាន ស្ទើគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ គឺយើងមិនអាចឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតនោះទេ , ទី៣ គឺកត្តាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកើនឡើង ទាំងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ និងឯកជន ជាពិសេសមធ្យោបាយដឹកជញ្ជូនឯកជននេះគឺប្រជាពលរដ្ឋមានទាំងរថយន្ត មានទាំងម៉ូតូ ដែលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ ,
និងទី៤ កត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានន័យថា បើប្រជាពលរដ្ឋមិនមានប្រាក់ទេ ពួកគាត់មិនអាចធ្វើដំណើរកម្សាន្តបានឡើយ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា ពិសេសមេរោគបន្លែខ្លួនថ្មី អូមីក្រុង ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះសមិទ្ធផលនៃការសាងសង់ស្ពានអាកាសថ្មីមួយទៀតមនៅថ្ងៃនេះ និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន។ មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចុចប៊ូតុងជាតំណាង បើកការដ្ឋានសាងសង់ស្ពានអាកាសនៅផ្លូវជាតិលេខ៥ ឫស្សីកែវ ចាប់ពីពេលនេះតទៅ៕