ជនចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន ៣៩៨នាក់ ក្នុងក្រុងតាខ្មៅ ទទួលបាន អាវរងារ ភួយ និងស្បៀងអាហារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងសហការរី មន្ត្រីរាជការ និងសប្បុរសជននានា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចែកអាវរងា ភួយ និងស្បៀងអាហារមួយចំនួន ដល់ពលរដ្ឋចាស់ចាស់ជរា និងមានជីវភាពខ្វះខាត ចំនួចំ៣៩៨នាក់ មកពីសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែកអំណោយនេះធ្វើឡើង ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេច អគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះក្នុងពេលមានធាតុអាកាសត្រជាក់ចូលមកដល់ ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចែកអំណោយជាអាវរងា ភួយ និងស្បៀងអាហារនេះ នឹងបន្តចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាលទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនទុកឱ្យប្រជាពលរដ្ឋមានការលំបាកឡើយ។
នាឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសប្រកបដោយព្រហ្មវិហារធម៌ របស់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តកណ្ដាល។
ក្រៅពីនេះ ឯកឧត្តមក៏បានណែនាំឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។
បើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា អាកាសធាតុត្រជាក់នឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ ហើយអាកាសធាតុត្រជាក់ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យសីតុណ្ហភាពនៅតំបន់នានាក្នុងប្រទេសធ្លាក់ចុះមកនៅត្រឹម ១៥ អង្សារសេ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣៩៨នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ។