សម្តេចតេជោ៖ អាកាសយានដ្ឋានអន្តរជាតិថ្មីមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី នៅទឹកដីខេត្តកណ្តាល ដែលសាងសង់បានជាង២០%ហើយនោះ ជាអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែងសរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញាធរពាក់ព័ន្ធ ជាពិសេសបានសរសើរចំពោះក្រុមហ៊ុនផ្ទាល់តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើបាន» ដែលភាសានេះជាភាសាមួយបានគ្របដណ្តប់ សម្រាប់ការអភិវឌ្ឍជាតិយើងទាំងមូល តតាំងពីរបុព្វបុរសយើងពីដើមរៀងមក ហើយបានបន្សល់ទុកនូវមរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែលមានការចូលរួមទាំងពីវិស័យរដ្ឋ និងឯកជន ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយានដ្ឋានអន្តរជាតិធំៗ នៅខេត្តសៀបរាប និងនៅភ្នំពេញ ហើយសម្តេចក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅទីក្រុងភ្នំពេញមានអាកាសយានដ្ឋានអន្តរជាតិហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងាយយល់បំផុត គឺដោយសារមានតម្រូវការនៃការទទួលសេវាភ្លៀងទេសចរណ៍បរទេសដែលកាន់តែមានកំណើនឡើងជាលំដាប់តាមគោលនយោបាយបើកចំហជើងមេឃ។
សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុនវិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹកប្រាក់សរុបចំនួន ៣៧៥លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប ១ពាន់៥០០លានដុល្លារអាមេរិក។ ការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ៣៧៤០នាក់។ ទោះបីជាវិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការបុគ្គលិក កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និងចរាចរទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបាកផ្នែកបច្ចេកទេស នៃសណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុនព្យាយាមក្នុងការសាងសង់ឲ្យសម្រេចបានតាមផែនការ និងដាក់ឲ្យដំណើរការឲ្យបានឆាប់តាមផែនការគ្រោងទុក៕