អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់
ខេត្តកណ្តាល៖ ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកលើកដែក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់។
ឯកឧត្តមអភិបាលខេត្ត បន្តថា ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមនីតិវិធីផ្តល់សេវារដ្ឋបាល តាម ការិយាល័យច្រកចេញចូលតែមួយ ហើយត្រូវប្រាកដថា គ្រប់ប្រភេទសេវាទាំងអស់ ចូលតាមច្រក ចេញតាមច្រក មានន័យថា ទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេច ជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ។ ហើយត្រូវជៀសវាងឱ្យបានដាច់ខាតនូវ ការផ្ដល់សេវាមួយចំនួន ដែលមានការយឺតយ៉ាវ ទាំងការ ផ្តល់សេវា ការបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រ ហើយសេវាមួយចំនួន ការអនុវត្តនៅមិនទាន់បានត្រឹមត្រូវតាមនីតិវិធីនៅឡើយ (ចូលតាមអង្គភាពច្រក តែការផ្តល់លទ្ធផលសម្រេចមិនតាមច្រក)។
ឯកឧត្តម បន្ថែមថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយ ក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ហើយរដ្ឋបាលស្រុក ត្រូវបន្តខិតខំបំពេញការងារតាមតួនាទី ភារកិច្ច បន្តទៀត ពិសេសការលើកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីក ចម្រើន ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ច មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយកិច្ចការនេះ ត្រូវអនុវត្តជាប្រចាំដូចភ្លៀង រលឹម ពិសេសផ្តោតការយកចិត្តទុកដាក់អនុវត្តនូវលក្ខណៈសម្បត្តិ ទាំង ៧ចំណុច នៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ។