រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្តេជ្ញាធ្វើកិច្ចសហការជាមួយគ្នា បំពេញអោយបានសម្រេចរាល់ការងារដែលរាជរដ្ឋាភិបាល ប្រគល់ជូន
នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានផ្តោតសំខាន់លើការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមក ក៏ជានាពេលបច្ចុប្បន្ន នឹងបន្តទៅ ថ្ងៃអនាគត កាន់តែស៊ីជម្រៅ ទាំងនៅលើវិស័យពាក់ពន្ធ័ លើផ្នែកបច្ចេកទេស លើវិស័យសោតទស្សន៏ និងទូរគមនាគមន៍ ។
តាមការបញ្ជាក់របស់ ឯកឧត្តម កឹម គុណវឌ្ឍន៏ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ដែលមានវត្តមានក្នុងជំនួបនោះដែរ បានជម្រាបថា ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្តេជ្ញាធ្វើកិច្ចសហការជាមួយគ្នា បំពេញអោយបានសម្រេចរាល់ការងារដែល រាជរដ្ឋាភិបាល ដាក់អោយបំពេញ ហើយជាមួយនេះ ក្រសួងទាំងពីរ នឹងមានការ ចុះហត្ថលេខា លើសេចក្តីប្រកាសរួម សម្រាប់កិច្ចសហប្រតិបត្តិការ នាពេល បច្ចុប្បន្ន និងពេលបន្ត ទៅមុខទៀត នៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាល កម្ពុជា មានដំណើរការ អភិវឌ្ឍយ៉ាងខ្លាំង នៅក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេស ក្នុងវិស័យ ឌីជីថល ។ សម្រាប់ការងារ ឌីជីថល នេះ គឺជាកិច្ចការងារដំ៏សំខាន់ នឹងត្រូវបានការយកចិត្ត ទុកដាក់ របស់ក្រសួងជំនាញទាំងពីរ គឺក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ។
សម្រាប់ឱកាសនៃជំនួបពិភាក្សាការងារនាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានសំដែងនូវការរីករាយ ហើយបានធ្វើការចង្អុលបង្ហាញដល់មន្រ្តីជំនាញ នៃក្រសួងប្រៃសណីយ៍ និងទូរគ មនាគមន៍ និងក្រសួងព័ត៌មាន អោយរួមសហប្រតិបត្តិការគ្នា កាន់តែជិតស្និត បន្ថែមទៀត លើគ្រប់ផ្នែកទាំងអស់ ពាក់ពន្ធ័ការងារបច្ចេកទេស ការងារជំនាញ ពិសេសវិស័យ សោតទស្សន៏ ផ្សព្វផ្សាយ និងទូរគមនាគមន៍ កាន់តែមានភាពរីក ចំរើនជាលំដាប់ ។