អបអរសាទរទិវាបុណ្យខួបលើកទី ១៧ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ÷នៅថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២០ស្អែកនេះ គឺជាទិវាបុណ្យខួបលើកទី ១៧ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះបរមនាមថា “ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេច យកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ។
គឺនៅថ្ងៃនេះហើយដែលប្រជារាស្ត្រខ្មែរគ្រប់រូបបានសម្តែងនូវឆន្ទ: និងមនោសញ្ចេតនារបស់ខ្លួន សប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះបរមរាជសម្បត្តិ ដើម្បីគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំរបស់មាតុភូមិអង្គរ និងប្រជារាស្ត្ររបស់ព្រះអង្គ ។