រ
នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម មិកាមិម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រាំពីរពាន់ប្រាំបួនរយសាមសិបប្រាំមួយលានយ៉េន) (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៦ រួមមាន៖
១. ឥណទានសម្បទាន៖
- គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារ អាមេរិក)។
២. ហិរញ្ញប្បទានឥតសំណង៖ - គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)
- គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
- សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
- គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក) និង
- គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបាននិងកំពុងជួយគាំទ្រ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយរបស់ជប៉ុនបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា ហើយជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់កម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា ហើយនិងបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍។ ឯកឧត្តម ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ ឯកឧត្តម ឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការចៃការ (JICA) ជប៉ុន ដែលបានប្តេជ្ញាជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ៕