សហព័ន្ធកីឡាបាល់ទះកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល និងចៅក្រមកីឡាបាល់ទះ ក្នុងសាលកម្រិតមូលដ្ឋាន (គ.C) ជំនាន់ទី៤
សហព័ន្ធកីឡាបាល់ទះកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល និងចៅក្រមកីឡាបាល់ទះ ក្នុងសាលកម្រិតមូលដ្ឋាន (គ.C) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះតាមប្រព័ន្ធ Zoom ដែលនេះស្របតាមផែនការរបស់ខ្លួន។
ឯឧត្តម ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះ ក្នុងសាល កម្រិតមូលដ្ឋាន ( គ ឬ C ) នៅព្រឹកថ្ងៃអង្គារ នេះ។
បើតាមរបាយការណ៍របស់លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមមកពីមន្ទីរអប់រំយុវជននិងកីឡា ២៥រាជធានីខេត្ត ស្នងការរាជធានីភ្នំពេញ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ចូលរួម១៤៣រូប។
វគ្គបណ្ដុះបណ្ដាលនេះបង្កើនបរិមាណអាជ្ញាកណ្ដាលនិងចៅក្រម ឆ្ពោះទៅរកគុណភាពតាមស្តង់ដារជាតិនិងអន្តរជាតិ ជាពិសេសសម្រាប់ធ្វើការជ្រើសរើសចូលរួមដឹកនាំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក៏ដូចជាការប្រកួតលក្ខណៈអន្តរជាតិនានា។
សូមបញ្ជាក់ថាកាលពីខែសីហា ឆ្នាំ២០២១ ថ្មីៗនេះសហព័ន្ធក៏បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ទះកម្រិតមូលដ្ឋាន នេះតាមប្រព័ន្ធ Zoom ដោយជោគជ័យបាន១លើកមកហើយ មានសិក្ខាកាមចូលរួមជិត៥០នាក់៕