Breaking News…ស្ត្រីម្នាក់ស្លាប់ដោយធ្លាក់ពីលើអាគារខ្ពស់សង្ស័យជាករណីឃាតកម្ម ខណៈពេលនេះកំពុងស្ថិតក្នុងការស្រាវជ្រាវ…..
ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម)មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាប្រទះឃើញរថយន្តស្តារិចមួយគ្រឿង ដឹកស្ត្រីម្នាក់ជាបឋមថាធ្លាក់ពីអាគារខ្ពស់លុះយកមកដល់មន្ទីរពេទ្យឯកជនមួយកន្លែងក្រុមគ្រូពេទ្យឃើញថាស្លាប់ដាច់ខ្យល់ទៅហើយ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចមុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមប្រភពសាក្សីដែលឃើញហេតុការណ៍តាមថ្លែងប្រាប់ថា នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃខែខាងលើ គេប្រទះឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8751 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ និងរួមដំណើរ២នាក់ទៀតជាជនជាតិខ្មែរដូចគ្នា ។
តាមប្រភពពីបុរសអ្នកបើកបររថយន្តខាងលើផ្ទាល់បានថ្លែងប្រាប់ផងដែរថា ដំបូងឡើយស្ត្រីខាងលើតាមធ្លាក់ពីអាគារOnlineមួយកន្លែងក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ ហើយមេរបស់គាត់បានចាត់ឲ្យគាត់និងសន្តិសុខ រួមទាំងបុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីខាងលើដាក់ក្នុងគូទរថយន្ត មកសង្គ្រោះបន្ទាន់នៅដោយរថយន្តផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដោយពុំរាយការណ៍មកសមត្ថកិច្ចឬហៅរថយន្តពេទ្យនោះទេ គឺសម្រេចដឹកមកមន្ទីរពេទ្យថៃខាងដោយខ្លួនឯង តែជាអកុសស្ត្រីខាងលើបានដាច់ខ្យល់ស្លាប់ពេលដឹកតាមរថយន្តទៅហើយ ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីខាងលើនេះពុំមានរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាស្ត្រីខាងលើស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ តែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន បុរស៣នាក់ខាងលើយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផងដែរ ។
បច្ចុប្បន្នសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំសមត្ថកិច្ចជំនាញមកធ្វើការកោសល្យវិច្ច័យស្រាវជ្រាវពីអត្តសញ្ញាត និងរកអំពីមូលហេតុនៃការស្លាប់ទៅតាមនីតិវិធី ៕