ភ្នំពេញ÷នៅព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីរាជការ សាលាខណ្ឌ ចៅសង្កាត់ ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ប្រកបដោយសេចក្តីជ្រះថ្លារៀងៗខ្លួន។
នៅក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា ក៏បានពាំនាំនូវគ្រឿង ឧបភោគ បរិភោគ ភេសជ្ជៈ រួមទាំងបច្ច័យមួយចំនួន ជូនដល់ គណៈកម្មការ វត្តអង្គតាម៉ិញ ដើម្បីទុកប្រើប្រាស់ ក្នុងវត្តផង ដែរ។
ពិធីបុណ្យកាន់បិណ្ឌ មានអត្ថន័យក្នុងព្រះពុទ្ធសាសនា គឺ ជាពិធីបុណ្យឧទ្ទិសដល់បុព្វការីជន ដែលបានចែកឋានទៅហើយ ប៉ុន្តែមិនដឹងទៅកើតជាអ្វី។ ពិធីបុណ្យនេះ ក៏ធ្វើឡើង ដើម្បីទំនុកបម្រុង ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចចេញទៅនិមន្តបិណ្ឌបាត នៅខាងក្រៅបាន។ ការប្រារព្ធពិធី បុណ្យកាន់បិណ្ឌនឹងត្រូវ ធ្វើឡើងចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាម សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩។
Tags:
ព័ត៌មានជាតិ