ក្រុងព្រះសីហនុ៖ សពមេធាវី ជូ ជាគុយ ដែលបានបាត់ខ្លួននៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ពេលចុះងូតទឹកលេងជាមួយមិត្តភក្តិ ហើយត្រូវបានសមត្ថកិច្ចសហការគ្នាស្វែងរកពេញមួយយប់នោះ នៅពេលនេះបានរកឃើញហើយ ដោយសា.កស.ពបានអណ្តែតមកទើរលើឆ្នេរ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងបាត់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា ស.ព.ជនរងគ្រោះបានរកឃើញនៅវេលម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដោយបានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រពីកន្លែងបា.ត់ខ្លួន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បច្ចុប្បន្នសា.ក.ស.ពត្រូវបានក្រុមគ្រួសារសាច់ញ្ញាតលើកដាក់លើគោក រង់ចាំពេទ្យយកសំណាក និងសមត្ថកិច្ចធ្វើកោស្យវិនិច្ឆ័យ។
សូមបញ្ជាក់ថា ជនរងគ្រោះ ជូ ជាគុយ អាយុ២៩ឆ្នាំ រស់នៅភ្នំពេញ និងមានមុខរបរជាមេធាវី បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែភ្លាមៗនោះនៅមិនទាន់រកឃើញនោះទេ ទើបនៅតែព្រឹកទៀបភ្លឺ សាកសពបានអណ្តែតមកទើរលើឆ្នេរតែម្តង៕
Tags:
ព័ត៌មានអន្តរជាតិ