ឯកឧត្តម យក់ ប៊ុនណា អញ្ជើញជាអធិបតីបើកកម្មវិធីទស្សនកិច្ចសិក្សា Online ស្តីពី “ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់”
កម្មវិធីទស្សនកិច្ចសិក្សា Online ស្តីពីការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់ បានប្រារព្វបើកនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នាសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងដោយមានការអញ្ជើញចូលរួមពី ឯឧ Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិត អគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល និងសមាជិកគណៈកម្មការ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា មកពីបណ្តាក្រសួងស្ថាប័នមួយចំនួន សរុបប្រមាណជាង ៣០នាក់។
ថ្លែងបើកកម្មវិធីទស្សនកិច្ចសិក្សា Online ស្តីពី “ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់” ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍គូសបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីទស្សនកិច្ចសិក្សា online ថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍លើ៖ (១) វិធីសាស្ត្ររដ្ឋាភិបាលទាំងមូលក្នុងការរៀបចំផែនការ និងអនុវត្តការងារអាទិភាពជាតិ (២) យុទ្ធសាស្ត្រ និងកត្តាជម្រុញ ក្នុងការលើកកម្ពស់នវានុវត្តន៍ ក្នុងអភិបាលកិច្ច និង (៣) ស្វែងយល់ពីតួនាទី របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងស្ថាប័ន ក្នុងការគាំទ្រដល់កំណែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់បន្តថា ទស្សនកិច្ចសិក្សា Online បានស្វែងយល់ពីសារៈសំខាន់ នៃភាពជាអ្នកដឹកនាំ ក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រ ពីអតីតកាលត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពព្យាករណ៍ត្រៀមខ្លួនរួចជាស្រច និងប្រកាន់វិធានការសមស្របសម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមឲ្យមានវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាព។ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរៀបចំទស្សនកិច្ចសិក្សា Online ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាផ្នែកមួយនៃគម្រោងកសាងក្របខណ្ឌសមត្ថភាពថ្នាក់ដឹកនាំជាអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ក្រោមគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណ:សិង្ហបុរី ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលបានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់ នៅចុងឆ្នាំ២០២១ នេះ៕