ភ្នំពេញ÷បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបែនដឹកខ្សាច់បើកបុកពីមុខពេញទំហឹងរួចកិនពីលើអូសទាំងម៉ូតូជិត ៥០ ម៉ែត្រ កាលពីវេលាម៉ោង០៨ :៣០ នាទីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះពៅភេទប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរបើករថយន្តដឹកតុការ ស្នាក់នៅព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។
តាមការរៀបរាប់ពីបុរសម្នាក់ត្រូវជាសាច់ញាតិបានឲ្យដឹងថា ថាមុនកើតហេតុជនរងគ្រោះបានចេញពីរកតុជាមួយពួកគាត់នៅម្ដុំវត្តដំបូកខ្ពស់ ដោយបំណងជិះត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3F-7419ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង រេចង្កូចបុកចំមុខពេញទំហឹងហើយកិនជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រួចអូសម៉ូតូជិត៥០ម៉ែត្រ តែកុងរថយន្តឃើញភាពមិនស្រួលបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕